កិច្ចសម្រួលវិនិយោគប្រកបដោយភាពកក់ក្តៅ, កញ្ចប់លើកទឹកចិត្តដែលមានភាពអនុគ្រោះ, និងសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តគឺជាអភិក្រមគន្លឹះនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

កិច្ចសម្រួលវិនិយោគប្រកបដោយភាពកក់ក្តៅ, កញ្ចប់លើកទឹកចិត្តដែលមានភាពអនុគ្រោះ, និងសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តគឺជាអភិក្រមគន្លឹះនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
—–
(ទីក្រុងម៉ែលប៊ន)៖ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចដែលសហការរៀបចំឡើងដោយសមាគមវិនិយោគិន, នវានុវត្តន៍, និងអភិវឌ្ឍន៍ (IDI) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃរដ្ឋវិចតូរៀ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើសន្ធានកម្មរវាងធុរជន និងវិនិយោគិនក្នុងស្រុកជាមួយដៃគូបរទេសដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី សំដៅពង្រឹង និងពង្រីកការផ្សារភ្ជាប់បណ្តាញលើប្រតិបត្តិការធុរកិច្ច។

មានមតិក្នុងបទបង្ហាញ ​ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះភាគីពាក់ព័ន្ធដែលបានខិតខំរៀបចំកម្មវិធីដ៏មានសារៈសំខាន់នាឱកាសនេះ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ, ធុរកិច្ច, និងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបរិយាយអំពីភាពទាក់ទាញនៃបរិយាកាសវិនិយោគកម្ពុជាដែលមានភាពបើកចំហ និងមានលក្ខណ​ៈអំណោយផលសម្រាប់ការរីកលូតលាស់នៃវិស័យឯកជន។

បន្ថែមពីនេះ ឯកឧត្តមក៏បានពិពណ៌នាអំពីបច្ចុប្បន្នភាពថ្មីនៃរបបវិនិយោគក្នុងស្រុកដែលមានសង្គតិភាពជាមួយនឹងឧត្តមានុវត្តន៍អន្តរជាតិ សំដៅផ្តល់នូវកិច្ចសម្រួលវិនិយោគប្រកបដោយភាពកក់ក្តៅ, កញ្ចប់លើកទឹកចិត្តដែលមានភាពអនុគ្រោះ, និងសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្ត។

គួរបញ្ជាក់ជូនផងដែរថា ភាពជាដៃគូជាមួយសហគមន៍ធុរកិច្ច និងវិស័យឯកជនត្រូវបានប្រតិបត្តិជាប្រចាំដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសំដៅធានាបានថាវិនិយោគិន និងធុរជនត្រូវបានគាំទ្រប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

#PickCambodia
#InvestinKingdom