ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបគណៈប្រតិភូវិនិយោគិនចិន-ហុងកុង
វិមានរដ្ឋាភិបាល (វត្តភ្នំ) ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបគណៈប្រតិភូវិនិយោគិនចិន-ហុងកុង មកពីវិស័យ (១) ថាមពលសូឡា (២) ឧស្សាហកម្ម និង (៣) ឧស្សាហកម្មគាំទ្រ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងការសម្រេចចិត្តបណ្ដាក់ទុននៅកម្ពុជា។
ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនគណៈប្រតិភូ និងបានជម្រាបជូនដោយសង្ខេបអំពីការលើកទឹកចិត្តក្នុងវិស័យគន្លឹះក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសយន្ដការផ្ដល់កិច្ចសម្រួលវិនិយោគ និងសេវាថែទាំវិនិយោគ ជាមួយនេះឯកឧត្ដមបង្ហាញជំនឿចិត្តថាគណៈប្រតិភូ នឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគក្រោមច្បាប់ស្ដីពីវិនិយោគក្នុងវិស័យប្រកបដោយនវានុវត្តន៍។
