ដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី GICI ស្ថិតក្នុងទីក្រុង Guangzhou ប្រទេសចិន

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី GICI ស្ថិតក្នុងទីក្រុង Guangzhou ប្រទេសចិន
សាធារណរដ្ឋប្រជាមានិតចិន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានបន្តបេសកកម្មក្នុងទីក្រុង Guangzhou ដោយបានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី Guangzhou International Corporate Incubator (GICI) របស់ ក្រុមហ៊ុន Guangzhou Industrial Investment and Capital Operation Holding Group ស្របតាមការស្វាគមន៍យ៉ាងកក់ក្តៅពីលោក Qun Ge នាយករង និងជាប្រធានប្រតិបត្តិក្រុមហ៊ុន។
ក្នុងដំណើរទស្សននេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីការងារមួយចំនួនជូនគណៈប្រតិភូកម្ពុជាដើម្បីបានជ្រាប ហើយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុនផងដែរអំពីការលើកទឹកចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការងារធុរកិច្ចថ្មីនេះ តាមរយៈការបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលើការបណ្ដាក់ទុនវិនិយោគធុរកិច្ចរបស់ខ្លួននៅកម្ពុជា ព្រមទាំងអញ្ជើញក្រុមហ៊ុនចុះមកធ្វើទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវរាល់សក្ដានុពលរបស់កម្ពុជា។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានបង្ហាញអំពីឆន្ទះរបស់ខ្លួនក្នុងការចុះទៅទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពផ្តល់ទុនវិនិយោគដល់ធុរកិច្ចថ្មីនៅកម្ពុជា។ ក្រុមហ៊ុនក៏បានរំលេចបន្ថែមអំពីភាពជាដៃគូរបស់ខ្លួនកន្លងមកជាមួយបណ្ដាប្រទេសដែលជាសមាជិករបស់កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ ហើយក្នុងនោះកម្ពុជា ក៏ជាសមាជិកកម្មវិធីនេះផងដែរ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមានភាពប្រាកដនិយមខ្ពស់ លើការធ្វើសហប្រតិបត្តិការ និងវិនិយោគជាមួយគ្នា។
គួរបញ្ជាក់ផងដែរថា មជ្ឍមណ្ឌល GICI ជាមជ្ឈមណ្ឌលដ៏ជោគជ័យមួយ ហើយតាមរយៈការគាំទ្ររបស់មជ្ឍមណ្ឌលនេះ បានជួយជម្រុញឱ្យធុរកិច្ចថ្មីចំនួន១២ បានទទួលការជោគជ័យ រហូតដល់មានលទ្ធភាពអាចបោះភាគហ៊ុនលើទីផ្សារភាគហ៊ុនបានផងដែរ៕