ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ និងក្រុមហ៊ុនចំនួន៦ដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស
ស្វាយរៀង៖ នាថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំស្ថាប័ន បានអញ្ជើញចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចទាំងនេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣រួមមាន៖ ១). ត.ស.ព. ស៊ីន បាវិត ២). ត.ស.ព. ស្វាយរៀង ហ្គីហ្គា រីសស៍ និង ៣). ត.ស.ព. ឈីលូ ជាន ពុ ចាយ ដែលតំបន់ទាំងបីនេះសរុបមានទុនវិនិយោគចំនួន៩៧៧លានដុល្លារ ជាមួយនិងគម្រោងវិនិយោគសរុបចំនួន ៦៥គម្រោង កំពុងដំណើរការចំនួន ៤៤គម្រោង និងបានបង្កើតការងារជូនកម្មករនិយោជិតចំនួន ២៣.១៤៣កន្លែង។ មុខសញ្ញាវិនិយោគសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចនេះរួមមាន៖ ផលិតគ្រឿងសង្ហារិម កែច្នៃនិងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។

ក្នុងឱកាសចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រមួយចំនួនក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបជជែកដើម្បីស្ដាប់អំពីបញ្ហាប្រឈមនានាលើកិច្ចការងារវិនិយោគនិងអភិវឌ្ឍន៍ ព្រមទាំងឆ្លៀតឱកាសនេះដើម្បីថ្លែងអំណរគុណជូនចំពោះអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ដែលបានសម្រេចចិត្តចូលមកបណ្តាក់ទុន និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា ដែលនេះជាការបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមអំពីកិច្ចខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលលើកិច្ចការងារវិនិយោគ និងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវទៅកាន់បណ្ដាក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅពន្យល់និងផ្សព្វផ្សាយដោយផ្ទាល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា នៅក្រៅប្រទេស ដើម្បីទាក់ទាញឱ្យមានវិនិយោគិនបន្ថែមទៀតមកកម្ពុជា។
រោងចក្រនៃបណ្តាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យមានដូចខាងជា៖
១. ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលគ្រឿងសង្ហារិម ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគចំនួន ៤៧លានដុល្លារ មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប និងបានបង្កើតការងារចំនួន ១.០៨៧កន្លែង។
២. ក្រុមហ៊ុន Califor Upholstery Materials Co., Ltd. ជាគម្រោងវិនិយោគកែច្នៃ និងជ្រលក់ពណ៌ស្បែក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគ ១លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់ប្រទេសចិន វៀតណាម និងក្នុងស្រុក និងបានបង្កើតការងារចំនួន ២៨៥កន្លែង។
៣. ក្រុមហ៊ុន XDS Bicycle (Cambodia) Co., Ltd. ជាគម្រោងវិនិយោគដំឡើងកង់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគ ១៩លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក និងបានបង្កើតការងារចំនួន ១.៦៣៥កន្លែង។
៤. ក្រុមហ៊ុន Cart Tire Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលសំបកកង់យានយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគ ៥៧៤លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង និងបានបង្កើតការងារចំនួនប្រមាណ ២.៦០០កន្លែង។
៥. ក្រុមហ៊ុន Kaining Metal Product (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាល សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងកាណាដា និងបានបង្កើតការងារចំនួន ១.២២០កន្លែង។
៦. ក្រុមហ៊ុន So Yang Decorative Lighting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលអំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ក្នុង ទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងកាណាដា និងបានបង្កើតការងារចំនួន ៣.០២៤កន្លែង។
សូមជម្រាបជូនថា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១.៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥.០៨៦កន្លែង៕