ជំនួបជាមួយក្រុមហ៊ុន CCCC ក្នុងទីក្រុងប៉េកាំង ដើម្បីជជែកលើកិច្ចការងារសហប្រតិបត្តិការ និងការវិនិយោគរវាងកម្ពុជា ជាមួយក្រុមហ៊ុនស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយរបស់ប្រទេសចិន

ជំនួបជាមួយក្រុមហ៊ុន CCCC ក្នុងទីក្រុងប៉េកាំង ដើម្បីជជែកលើកិច្ចការងារសហប្រតិបត្តិការ និងការវិនិយោគរវាងកម្ពុជា ជាមួយក្រុមហ៊ុនស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយរបស់ប្រទេសចិន
ទីក្រុងប៉េកាំង ប្រទេសចិន៖ កាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ច និងពិភាក្សាការងារ តាមការអញ្ជើញរបស់លោក Wang Haihuai នាយកប្រតិបត្តិក្រុមហ៊ុន CCCC នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងប្រទេសចិន។
លោកនាយកប្រតិបត្តិ បានសម្ដែងការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីចំពោះដំណើរទស្សនកិច្ចមកកាន់ក្រុមហ៊ុននាឱកាសនេះ។ ក្នុងនោះ លោកនាយកប្រតិបត្តិ បានលើកឡើងផងដែរអំពីបទពិសោធន៍ នៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល២២ឆ្នាំកន្លងទៅនេះ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានរំលេចផងដែរថាចាប់តាំងពីផ្តើមប្រតិបត្តិការដំបូងនៅប្រទេសកម្ពុជា ក្រៅពីកិច្ចការងារវិនិយោគ ក្រុមហ៊ុនបានចូលរួមការងារសង្គមនៅកម្ពុជាជាបន្តបន្ទាប់រហូតមកដូចជាការកសាងសាលារៀន មន្ទីរពេទ្យ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋនៅសហគមន៍ជាដើម។
សម្របតាមការលើកឡើងរបស់លោកនាយកប្រតិបត្តិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗដែលកម្ពុជាបាននិងកំពុងសហប្រតិបត្តិការជាមួយក្រុមហ៊ុនលើគម្រោងមួយចំនួនរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតជាច្រើនក្នុងប្រទេសកម្ពុជា។
តាមរយៈឱកាសជួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមាននិស្សិតវិស្វករពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន អាចទទួលបានឱកាសចុះទៅសិក្សាទទួលយកបទពិសោធន៍អនុវត្តការងារដោយផ្ទាល់ពីក្រុមហ៊ុនធំលំដាប់ពិភពលោក CCCCនេះ ក្នុងគោលបំណងដើម្បីបង្កើននូវសមត្ថភាពនិស្សិតវិស្វករខ្មែរបន្ថែមទៀត៕