ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនកង់ XDS Bicycle

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនកង់ XDS Bicycle ដឹកនាំដោយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd.។

កិច្ចប្រជុំនាឱកាសនេះគឺជាផ្នែកមួយនៃសកម្មភាពថែទាំវិនិយោគ (Investment Aftercare) ដូចមានចង្អុលបង្ហាញដោយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យពាក់ព័ន្ធ ដែលតម្រូវឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តយកចិត្តទុកដាក់ស្វែងយល់អំពីតម្រូវការ និងកង្វល់របស់ក្រុមហ៊ុន ហើយខិតខំស្វែងរកដំណោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនក្រុមហ៊ុនដែលកំពុងជួបប្រទះក្នុងប្រតិបត្តិការវិនិយោគនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសនេះក៏បានជម្រាបជូនក្រុមហ៊ុនអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនបានជួបប្រទះ សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវសកម្មភាពវិនិយោគដែលមានស្រាប់ និងជំរុញឱ្យក្រុមហ៊ុនអាចពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា។

លើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ ក្រុមហ៊ុនក៏បានស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើគោលបំណងដែលក្រុមហ៊ុនចង់បញ្ជូនបុគ្គលិកជំនាញពីកម្ពុជាទៅទទួលវគ្គបណ្ដុះខ្លី នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

សូមជម្រាបថាក្រុមហ៊ុនផលិតកង់ XDS បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៩ លើការដំឡើង និងនាំចេញប្រភេទកង់ផ្សេងគ្នាទៅកាន់ទីផ្សារសំខាន់ៗរួមមានសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបជាដើម។ ក្រុមហ៊ុននេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ ១៩លានដុល្លារ និងបានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ១.៦០០កន្លែង៕