ជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន

ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាន់ព័ន្ធ ក្រុមហ៊ុន Union Development Group និងក្រុមហ៊ុនចំនួន៦ជាសមាជិកនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ដែលមានបំណងវិនិយោគនៅកម្ពុជាផងដែរ។

អង្គប្រជុំនេះត្រូវបានរៀបចំឡើងតបតាមសំណើសុំរបស់ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ក្នុងការស្វែងយល់អំពីគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដោយក្នុងនោះភាគីទាំងពីរបានជជែកពិភាក្សាលើគម្រោងវិនិយោគលើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណជាដើម។

ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យបណ្ដាក្រុមហ៊ុនទាំងអស់ដែលមានបំណងវិនិយោគលើវិស័យនានានៅកម្ពុជា សូមរៀបចំដាក់ពាក់ស្នើសុំគម្រោងវិនិយោគដោយភ្ជាប់មកជាមួយការសិក្សាលម្អិតរបស់ខ្លួនមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីពិនិត្យអនុវត្តនីតិវិធីបន្ត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការជួយសម្របសម្រួលសំណើសុំគម្រោងវិនិយោគនានា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជូនដល់បណ្ដាក្រុមហ៊ុននានា សំដៅធ្វើយ៉ាងណាលើកទឹកចិត្តវិនិយោគិន បង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន (CCPIT Jilin Provincial Committee) បង្កើតឡើងក្នុងឆ្នាំ១៩៧៩ គឺជាអង្គការសេដ្ឋកិច្ច និងពាណិជ្ជកម្មបរទេស ដែលមានការចូលរួមពីតំណាងអាជីវកម្ម ក្រុមហ៊ុន សមាគម និងស្ថាប័ននានា៕