សន្និសីទជំរុញវិនិយោគឆ្នាំ ២០២៣ ក្រោមមូលបទ “ភាពជាដៃគូសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព”
(ខេត្តសៀមរាប)៖ ក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកម្មវិធី Improved Competitiveness of National Enterprise Program របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ-ICONE) សន្និសីទជំរុញវិនិយោគឆ្នាំ ២០២៣ ក្រោមមូលបទ “ភាពជាដៃគូសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព” ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតសុខាខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តសៀមរាប, រដ្ឋបាលខេត្តបាត់ដំបង, រដ្ឋបាលខេត្តបន្ទាយមានជ័យ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសរុបប្រមាណ ២០០នាក់។ កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងគោលបំណងផ្តល់ជាថ្នាលសម្រាប់ផ្លាស់ប្តូរទស្សនទាន និងឧត្តមានុវត្តន៍ ក្នុងការជំរុញទាក់ទាញវិនិយោគសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
នាឱកាសសន្និសីទដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាបើក
ដោយគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគនិងបរិយាកាសធុរកិច្ចនៅកម្ពុជារួមមានការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកកម្ពស់ភាពប្រកួតប្រជែង និងការអភិវឌ្ឍវិស័យឯកជននិងការងារ។

ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច និងការចូលរួមចំណែកពីភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍវិស័យគន្លឹះនិងប្រភពកំណើនថ្មីសម្រាប់ស្តារសេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការឈានឆ្ពោះសម្រេចបាននូវការកសាងសង្គមកម្ពុជាដែលមានកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដោយស្របតាមត្រីវិស័យនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧។ បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនអង្គសន្និសីទអំពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការកែលម្អនូវរបបវិនិយោគរបស់កម្ពុជា តាមរយៈការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ និងការដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៣ ដែលវត្តមាននៃលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះនឹងចូលរួមចំណែកក្នុងការទាក់ទាញ និងជំរុញវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការវិនិយោគផ្ទាល់ពីបរទេសមកបន្ថែមទៀត តាមរយៈការផ្តល់នូវបរិស្ថានវិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ជាកិច្ចបន្ត វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានធ្វើបទបង្ហាញដោយគ្របដណ្តប់លើប្រធានបទ (១) គោលនយោបាយជាតិនិងផែនទីបង្ហាញផ្លូវសម្រាប់ទាក់ទាញនិងជំរុញវិនិយោគ (២) នីតិវិធីចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (៣) ការវិនិយោគ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (៤) ទស្សនវិស័យនិងតម្រូវការនៃការវិនិយោគផ្ទាល់ពីបរទេស និង (៥) អានុភាពនៃបច្ចេកវិទ្យាក្នុងការជំរុញវិនិយោគ។