សន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ លើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)

នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តអាតាភឺ (Attapeu) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានធ្វើជាសហប្រធានដឹកនាំសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ លើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត Sthabandith Insisienmay អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគឡាវ លោក Vu Van Chung អគ្គនាយករងទីភ្នាក់ងារវិនិយោគបរទេស នៃក្រសួងផែនការនិងវិនិយោគវៀតណាម តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ពីប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានចំនួនសរុបប្រមាណ ៣០០រូប។ សន្និសីទនេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ តំបន់ត្រីកោណអភិវឌ្ឍន៍ ហើយដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង។