ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធានអចិន្រ្ដៃយ៍នៃក្រុមការងារអន្ដរក្រសួងស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្ដែង និងវិភាគតម្លៃដើមនៃការដំឡើងកង់ របស់ក្រុមហ៊ុន XDS Bicycle Co., Ltd.

តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួ ន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធានអចិន្រ្ដៃយ៍នៃក្រុមការងារអន្ដរក្រសួងស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្ដែង និងវិភាគតម្លៃដើមនៃការដំឡើងកង់ របស់ក្រុមហ៊ុន XDS Bicycle Co., Ltd. បានដឹកនាំក្រុមការងារអញ្ជើញចុះផ្ដល់នូវសេវាថែទាំវិនិយោគ (Investment Aftercare Service) ជូនវិនិយោគិនដោយផ្ទាល់ ក្នុងគោលបំណងសិក្សាស្វែងយល់លម្អិតអំពីស្ថានភាព, វឌ្ឍនភាព និងតម្រូវការជាក់ស្ដែងរបស់ក្រុមហ៊ុន XDS Bicycle Co., Ltd. កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

ដំណើរបេសកកម្មនេះ បានបង្ហាញច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈយន្ដការផ្ដល់សេវាថែទាំវិនិយោគ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្រួលវិនិយោគ សំដៅបង្កើនទំនុកចិត្ត ព្រមទាំងស្វែងរកលទ្ធភាពដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនក្នុងគ្រប់ដំណាក់កាលនៃការអនុវត្តគម្រោងវិនិយោគ និងផ្ដល់កិច្ចពិគ្រោះយោបល់លើការពិនិត្យលទ្ធភាពពង្រីកគម្រោងវិនិយោគ ព្រមទាំងជំរុញដល់គម្រោងវិនិយោគដែលមានប្រតិបត្តិការនៅកម្ពុជាអាចធ្វើសន្ធានកម្មឧស្សាហកម្មទៅនឹងទីផ្សារតំបន់ និងតាមប៉ូលសេដ្ឋកិច្ចក៏ដូចជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា។

គួរបញ្ជាក់ជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុនកំពុងមានប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង ក្នុងមុខសញ្ញាវិនិយោគដំឡើងកង់ កង់អគ្គិសនី និងផលិតគ្រឿងបង្គុំកង់។