ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយលោកស្រី Xu Peiqi តំណាងការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា

(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយលោកស្រី Xu Peiqi តំណាងការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី និងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចក្នុងវិស័យអាទិភាពដែលជាប្រយោជន៍រួម។
មានមតិក្នុងជំនួបខាងលើ ភាគីទាំងពីរបានពិភាក្សាយ៉ាងផុលផុសប្រកបដោយផ្លែផ្កាក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគតាមរយៈយន្ដការក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច សំដៅអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីក្នុងវិស័យអាទិភាពនិងផ្ដល់តម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយគុណភាពខ្ពស់ ស្របតាមស្មារតីអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។