ឯកឧត្តម សួន សុផល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនបារាំង
វិមានរដ្ឋាភិបាល (វត្តភ្នំ) ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនបារាំងដែលបាននិងកំពុងធ្វើទស្សនកិច្ចស្វែងយល់ពីកាលានុវត្តន៍ភាពធុរកិច្ចនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ការពិភាក្សាបានផ្តោតលើលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគលើការផលិតនិងបម្រើសេវាកម្មច្នៃប្រឌិត (Creative Services) ក្នុងវិស័យសិល្បៈ ដើម្បីលើកកម្ពស់វប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ។ វិនិយោគិនបារាំង មានបំណងនាំយកនូវគំរូវិនិយោគតាមរូបភាពជាការវិនិយោគដែលជះឥទ្ធិពល (Impact investment) ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលពួកគាត់បានអនុវត្តដោយជោគជ័យនៅសហគមន៍អឺរ៉ុបជាង៣០ឆ្នាំកន្លងមកនេះមកអនុវត្តនៅកម្ពុជា។ លោក ហ្គីឡោម ប្លង់ជន (Guilaume Planchon) បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរុញច្រាននាវាកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍគ្រប់វិស័យ។ លោក មានបំណងចូលរួមផ្សព្វផ្សាយពីកិត្យានុភាពកម្ពុជា តាមរយៈការរៀបចំពិព័រណ៌សិល្បៈសហសម័យនៅកម្ពុជាក្នុងឆ្នាំ ២០២៥ ដើម្បីបង្ហាញពិភពលោកពីលទ្ធផលនៃការវិនិយោគផ្ទាល់លើវិស័យសេវាច្នៃប្រឌិតនៅកម្ពុជា។
