ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក.អ.ក. បានទទួលជួប នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃធនាគារមីហ្ស៊ូហូនិងនាយកសាខារាជធានីភ្នំពេញ នៃធនាគារមីហ្ស៊ូហូ

នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួប លោក ខូអ៊ីជិ ហ្សៃគី នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃធនាគារមីហ្ស៊ូហូ និងលោក សាតូ ណូប៊ូហ្វ៊ូមី នាយកសាខារាជធានីភ្នំពេញ នៃធនាគារមីហ្ស៊ូហូ។ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូជប៉ុនចំពោះជំនួបសម្តែងការគួរសមនេះ ហើយក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការកន្លងមកក្រោមអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៧។ តាមរយៈអនុស្សារណៈយោគយល់គ្នានេះ ឯកឧត្តមអគ្គលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការទាក់ទាញវិនិយោគិនជប៉ុនទាំងនៅក្នុងប្រទេសជប៉ុន និងទាំងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការនៅប្រទេសដទៃទៀត ឱ្យមកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ខូអ៊ីជិ ហ្សៃគី ក៏បានលើកឡើងពីផលប៉ះពាល់របស់ជំងឺសកលកូវីដ១៩ ដែលបង្ករជាការលំបាកដល់ធនាគារមីហ្ស៊ូហូ ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ខូអ៊ីជិ ហ្សៃគី ក៏បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ធនាគារមីហ្ស៊ូហូ និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនដែលហៅកាត់ថាចេត្រូ (JETRO) គ្រោងនឹងរៀបចំសិក្ខាសាលាស្តីពីកាលានុវត្តភាពវិនិយោគ

នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីសមាគមធុរកិច្ចជប៉ុន “ខេដាន់រេន” ដែលសុទ្ធតែជាក្រុមហ៊ុនល្បីៗក្នុងប្រទេសជប៉ុនផងដែរ។ ដើម្បីឱ្យសិក្ខាសាលានេះប្រព្រឹត្តិទៅដោយជោគជ័យនិងប្រកបដោយផ្លែផ្កា លោក ខូអ៊ីជិ ហ្សៃគី បានស្នើរសុំឱ្យមានការគាំទ្រនិងសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ជាពិសេសពីសំណាក់ឯកឧត្តមអគ្គលេខាធិការ លើគម្រោងនេះ។ ឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពរខាងលើ ឯកឧត្តម អគ្គលេខាធិការ បានសម្តែងនូវការគាំទ្រនិងសហការក្នុងការរៀបចំសិក្ខាសាលាវិនិយោគនេះ និងផ្តល់អនុសាសន៍មួយចំនួនដើម្បីឱ្យសិក្ខាសាលាដែលគ្រោងនឹងរៀបចំនេះកាន់តែទទួលជោគជ័យបន្ថែមទៀត។