ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន Pragma Corporation

កាលពីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងឱ្យថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន Pragma Corporation ដែលជាក្រុមហ៊ុនប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ដឹកនាំដោយលោក Henri Stetter ទីប្រឹក្សាជាន់ខ្ពស់នៃការអភិវឌ្ឍន៍វិស័យឯកជន។

តំណាងក្រុមហ៊ុន Pragma Corporation មានបំណងសិក្សាស្វែងយល់ពីគោលនយោបាយទាក់ទាញវិនិយោគរបស់កម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការកំណត់តម្រូវការធនធានមនុស្សរបស់កម្ពុជានាពេលអនាគត និងជាការត្រៀមខ្លួនក្នុងការរៀបចំគម្រោង “Employ” ក្រោមការឧបត្ថម្ភពីមូលនិធិនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ គម្រោង “Employ” នេះ នឹងផ្តោតលើការអភិវឌ្ឍន៍ជំនាញក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាលើកកម្ពស់និងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងភាពជាដៃគូជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីធានាបាននូវការផ្គូផ្គងប្រកបដោយប្រសិទ្ធភាពនៃតម្រូវការទីផ្សារការងារសម្រាប់និយោជិកដែលមានជំនាញ។

នាឱកាសនេះ ក្រៅពីការផ្លាស់ប្តូរព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរង ក៏បានជម្រាបជូនតំណាងក្រុមហ៊ុន Pragma Corporation ផងដែរថាច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិផ្តល់ការលើកទឹកចិត្តដល់វិនិយោគិនទាំងឡាយដែលចំណាយលើការបណ្តុះបណ្តាលជំនាញដល់និយោជិករបស់ខ្លួន ដែលចំណុចនេះជាការចូលរួមលើកស្ទួយការបណ្តុះបណ្តាលជំនាញ ស្របតាមគោលនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ។