ហេដ្ឋារចនាសម្ព័ន្ធ និងភាពប្រទាក់ក្រឡានៅក្នុងវិស័យភស្ដុភារកម្ម ជាអាទិភាពគន្លឹះ ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគិនលើគ្រប់វិស័យ

បន្ទាយមានជ័យ៖ នាថ្ងៃសៅរិ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងប្រតិភូអមដំណើរ បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ និងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួននៅក្នុងតំបន់នោះ។ ក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញ អ្នកទទួលបន្ទុកសាងសង់គម្រោង ព្រមទាំងមានការចូលរួមពីអ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអង្គប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ រវាងកម្ពុជា-ជប៉ុន ដើម្បីអាចឱ្យភាគីជប៉ុនតាមរយៈ JICA អាចទទួលបាននូវវឌ្ឍនភាពច្បាស់លាស់ជាក់ស្ដែង នៃគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន។ គិតត្រឹមខែសីហា ឆ្នាំ២០២៣ ភាគីកម្ពុជាបានបញ្ចប់រួចរាល់ ១០០% លើការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលជាច្រកខាងភាគីកម្ពុជា ព្រមទាំងបានអនុញ្ញាត​ឱ្យ​យានយន្តអាចដឹកទំនិញឆ្លងកាត់
ច្រកទ្វារអន្តរជាតិនេះបាន។ យ៉ាងណាមិញ ច្រកទ្វារអន្តរជាតិនេះនៅពុំទាន់អាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការបាននៅឡើយទេ ដោយហេតុថាត្រូវរង់ចាំភាគីថៃបញ្ចប់នីតិវិធីផ្ទៃក្នុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វាររបស់ខ្លួន។

បន្ទាប់ពីបញ្ចប់ការចុះពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀនរួចរាល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានឆ្លៀតឱកាសចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ រួមមាន តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត។ ការចុះពិនិត្យវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការថែទាំវិស័យឯកជន ព្រមទាំងស្វែងយល់​អំពីបញ្ហាប្រឈម និងតម្រូវការនានារបស់វិនិយោគិន ដែលជាកម្លាំងចលករសំខាន់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

រោងចក្រនៃបណ្តាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ខាងលើត្រូវបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរ អញ្ជើញពិនិត្យមើលសកម្មភាពផលិតកម្មរួមមាន៖
១. ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគផលិតសម្ភារៈអេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ២០,៦៣លានដុល្លារអាមេរិក បានបង្កើតការងារចំនួន ៨០៣កន្លែង។
២. ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ៨,១៥លានដុល្លារអាមេរិក បានបង្កើតការងារចំនួន ២៣៩កន្លែង។
៣. ក្រុមហ៊ុន HGB Motors Assembly Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលផ្គុំ និងដំឡើងរថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ក្នុងទុនវិនិយោគ ៧លានដុល្លារអាមេរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង។
សូមជម្រាបថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែង៕