សិក្ខាសាលាជំរុញការវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៤

ទីក្រុងហូជីមិញ៖ ក្នុងដំណើរទស្សនកិច្ចជំរុញនិងផ្សព្វផ្សាយវិនិយោគរយៈពេល ០៣ ថ្ងៃនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំប្រតិភូគណៈកម្មាធិការវិនិយោគកម្ពុជា “គ.វ.ក.”​ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយ​សមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយវិនិយោគនេះ មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជានិងក្រុមហ៊ុនវិនិយោគវៀតណាមចំនួនប្រមាណ ៤០ ក្រុមហ៊ុន មកពីជុំវិញទីក្រុងហូជីមីញ និងទីក្រុងអាងយ៉ាង។ គោលបំណងនៃសិក្ខាសាលាគឺផ្តោតសំខាន់លើការជំរុញនិងទាក់ទាញការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជា សម្រាប់ការនាំចេញ តាមរយ:ការបង្កេីតជាតំបន់សេដ្ឋកិច្ចពិសេស រឺតំបន់ប្រមូលផ្តុំឧស្សាហកម្មកសិ-ឧស្សាហកម្ម​។ ក្នុងសុន្ទរកថាស្វាគមន៍បើកអង្គសិក្ខាសាលា ឯកឧត្តម​អគ្គលេខាធិការ​ បានជម្រាបជូនពីកាលានុវត្តភាពវិនិយោគ និងការដាក់ចេញនូវច្បាប់បទប្បញាត្តិនិងគោលនយោបាយសំខាន់ៗក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងប្រែក្លាយកម្ពុជាជាគោលដៅវិនិយោគដែលកាន់តែមានភាពទាក់ទាញ ហើយបានស្នើដល់វិនិយោគិនវៀតណាមពិនិត្យលទ្ធភាពពីកាលានុវត្តភាពដែល

មានទាំងនេះដើម្បីបណ្តាក់ទុនវិនិយោគ ចូលរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ។ ក្នុងសិក្ខាសាលានេះតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា២រូបទៀតដែលមាន ឯកឧត្តម​ នុត​ អ៊ុនវ័ណរ៉ា​ និង​ឯកឧត្តម​ យុន​ ហេង​ អគ្គលេខាធិការ​រង​ គ.វ.ក.​ បានធ្វើបទបង្ហាញជម្រាបជូនអង្គសិក្ខាសាលាលម្អិត​ អំពី​បរិយាកាសវិនិយោគ កាលានុវត្តភាព​ និងភាពទាក់ទាញនៃច្បាប់វិនិយោគរបស់កម្ពុជា​ ជាពិសេស​ការផ្តល់ការលើកទឹកចិត្តនិងការគាំទ្រនានារបស់កម្ពុជាលេីការវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម​ កសិឧស្សាហកម្ម​ និងការកែច្នៃកសិផលសម្រាប់បម្រើឲ្យទីផ្សារក្នុងស្រុកនិងការនាំចេញទៅទីផ្សារបរទេស។
បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយ​វិនិយោគ​ នារសៀលថ្ងៃដដែល​ ប្រតិភូ​ គ.វ.ក.​ បានទៅទស្សនកិច្ច​ និងជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ​ក្រុមហ៊ុនភស្តុភារកម្ម​ និងដឹកជញ្ជូនដ៍មានសក្តានុពល​នៅទីក្រុងហូជីមីញ​ Genuine Partner Group និងគណ:គ្រប់គ្រងសាកលវិទ្យាល័យ​ Van Hien ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ Hung Hau Holding។
សូមបញ្ជាក់​ថា​ ក្នុងដំណេីរទស្សនកិច្ចរបស់​ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ នៅប្រទេសវៀតណាម​ កាលពី​ថ្ងៃទី១១-១២​ ខែធ្នូ​ ឆ្នាំ២០២៣​ កន្លងទៅ​ ក្រុមហ៊ុន​ Hung Hau Agricultural Corporation របស់ប្រទេសវៀតណាម​ បានចុះអនុស្សារណ:យោគយល់គ្នាជាមួយ​ក្រុមហ៊ុន​ Rithy Granite Cambodia Co., Ltd ដេីម្បីអភិវឌ្ឍវិស័យកែច្នៃផលិតផលកសិ-ឧស្សាហកម្ម​កម្ពុជា​ ជាពិសេសលេីផលិតផលគ្រាប់ស្វាយចន្ទី​ ស្វាយរមៀត​ និងកសិផលដ៍ទៃទៀត​ ហើយដែលក្រុមហ៊ុនបានផ្តល់ព័ត៌មានជាវិជ្ជមានពីការគ្រោងចាប់ផ្តើមការវិនិយោគរបស់ខ្លួននៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។