ពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី ៉ការស្វែងរកព័ត៌មានទីផ្សារ” និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាលនិងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ឯកឧត្តម បានផ្តាំផ្ញើសិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹងដែលបានក្រេបជញ្ជក់ពីអ្នកជំនាញទៅបម្រើជាតិមាតុភូមិឱ្យអស់ពីសមត្ថភាព ដោយរួមគ្នាជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ ជាពិសេស ការជំរុញផ្នែកឯកជនក្នុងស្រុកឱ្យចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីធានាការផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ ព្រមទាំងវិនិយោគលើវិស័យទាំងនេះសម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កត្តាទាំងនេះ នាំឱ្យរាជរដ្ឋាភិបាលកម្ពុជាមានទំនុកចិត្តខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញវិនិយោគក្នុងវិស័យទាំងនេះកាន់តែមានភាពបុរេសកម្មនៅក្នុងគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩ តាមរយៈការប្រកាសឱ្យប្រើច្បាប់ថ្មីស្ដីពីវិនិយោគ។ ឯកឧត្ដមក៏បានរំលឹកប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសកិច្ចប្រារព្ធពិធីខេត្តមួយ ផលិតផលមួយ ដែលបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរចេះស្រលាញ់ ការពារ និងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។