បេសកកម្មពង្រឹង និងពង្រីកការឈ្វេងយល់ពីកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសអូស្ត្រាលី

(ទីក្រុងម៉ែលប៊ន)៖ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារចូលរួមកម្មវិធីពិព័រណ៍ទីផ្សារអាស៊ាន-អូស្ត្រាលី ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅមជ្ឈមណ្ឌលពិព័រណ៍ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការឈ្វេងយល់ពីសក្តានុពល ព្រមទាំងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៃបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានទៅកាន់ធុរជន និងវិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។

គួរបញ្ជាក់ជូនផងដែរថា ស្តង់ពិព័រណ៍របស់កម្ពុជានាឱកាសនេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងគណៈកម្មាធិការវិនិយោគកម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋធានីកង់បេរ៉ា ដើម្បីដាក់តាំងបង្ហាញឧបករណ៍ផ្សព្វផ្សាយ និងផលិតផល ក៏ដូចជាផ្តល់នូវសេវាពិគ្រោះយោបល់តាមរយៈមន្ត្រីប្រចាំការជូនវិនិយោគិន និងធុរជនដែលមានបំណងស្វែងយល់ពីបរិយាកាសវិនិយោគ, បរិស្ថានធុរកិច្ច, និងរបបវិនិយោគនៅកម្ពុជា។ ក្នុងព្រឹត្តិការណ៍ខាងលើនេះទៀតសោត វិនិយោគិន និងធុរជនមកពីពហុជាតិសាសន៍ជាច្រើនបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមកកើតឡើងវិញ, កសិកម្ម, កសិ-ឧស្សាហកម្ម, ឡូជីស្ទីក, និង បច្ចេកវិទ្យាណាណូ។