ជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់គណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីរសៀល ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងអង្គជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការស្វាគមន៍គណៈប្រតិភូទាំងអស់ដែលមានបំណងស្វែងយល់អំពីបច្ចុប្បន្នភាព និងសក្ដានុពលវិនិយោគរបស់កម្ពុជា។ តាមរយៈបទបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសច្បាប់វិនិយោគដែលបង្កភាពងាយស្រួលដល់វិនិយោគិន រួមមានការផ្ដល់ការលើកទឹកចិត្តក្នុងគម្រោង និងភាពបើកចំហររបស់កម្ពុជាក្នុងការទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កភាពងាយស្រួល និងប្រទាក់ក្រឡាជូនដល់វិនិយោគិន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសផងដែរ។
លើកឡើងក្នុងកិច្ចប្រជុំនេះ សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានជម្រាបសួរអំពីព័ត៌មាននានានៃកាលានុវត្តភាពវិនិយោគនៅកម្ពុជា ពិសេសលើវិស័យសំណង់ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។

ឆ្លៀតក្នុងឱកាសនេះ សភាពាណិជ្ជកម្មបានគោរពស្នើសុំអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចចុះពិនិត្យរោងចក្ររបស់ខ្លួនលើវិស័យសុខាភិបាលដោយផ្ទាល់នៅឱកាសណាមួយផងដែរ។ បន្ថែមពីនេះ សភាពាណិជ្ជកម្មក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំឱ្យមានសិក្ខាសាលាអំពីកាលានុវត្តភាពវិនិយោគកម្ពុជា នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសភាពាណិជ្ជកម្មត្រកូលលីនពិភពលោករំពឹងនឹងមានវិនិយោគិនជាសមាជិករបស់ខ្លួនប្រមាណ ៥០០នាក់ចូលរួម៕