ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនាឱកាសនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់លើការរៀបចំទស្សនកិច្ចទាក់ទាញវិនិយោគិន(Roadshow) នៅប្រទេសបារាំង និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ក្នុងប្រទេសកម្ពុជា ដែលនឹងមានការចូលរួមពីក្រុមហ៊ុននានា នៃប្រទេសទាំងពីរ ដើម្បីជំរុញការវិនិយោគ និងពង្រឹងទំនាក់ទំនងល្អរវាងគ្នានិងគ្នាផងដែរ។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញ ឯកឧត្តមឯកអគ្គរដ្ឋទូត ពិនិត្យសោភ័ណភាពក្នុងបរិវេណស្ថាប័ន និងពិនិត្យចេតិយអតីតស្នងការបារាំងចុងក្រោយប្រចាំនៅប្រទេសកម្ពុជាអំឡុងឆ្នាំ១៩៤៩ ក្រោយមកទទួលមរណភាពក្នុងឆ្នាំ១៩៥១ និងមានចេតិយស្ថិតក្នុងទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបច្ចុប្បន្ននេះ៕