ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារពី ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីបេសកកម្មរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា និងការយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបានកាន់តែប្រសើរ។ ពិសេសជាងនេះទៅទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់អំពីវឌ្ឍនភាពនៃគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលនឹងក្លាយជាគម្រោងព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលខាងមុខនេះ។
ឆ្លើយតបលើការលើកឡើង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទាក់ទាញវិនិយោគិន ដោយក្នុងនោះ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគប្រមាណជិត ៤,៩ពាន់លានដុល្លារអាមេរិក កើនឡើង បើធៀបទៅឆ្នាំ២០២២ ដែលទទួលបានប្រមាណជិត ៤ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបាន៣២គម្រោង ច្រើនជាង២ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣កន្លងទៅ ហើយក្នុងនោះ

កម្ពុជារំពឹងថាគម្រោងវិនិយោគនឹងមានការកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។ ក្នុងគោលបំណងដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។ បន្ថែមពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណងក្នុងការប្រើប្រាស់ថាមពលស្អាត ឱ្យបាន៧០%នៃថាមពលសរុប ត្រឹមឆ្នាំ២០៣០។ បន្ថែមក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពខ្លះៗនៃគម្រោង “ព្រែកជីកហ្វូណនតេជោ” ជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីបានជ្រាបផងដែរ៕