ជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ

ក្រុងឈីងតាវ សាធារណរដ្ឋប្រជាមានិតចិន៖ នាល្ងាចថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ក្នុងដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិន នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំជាច្រើនក្នុងក្រុងឈីងតាវដែលកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម Wang Luming បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីនូវសក្ដានុពលសំខាន់ក្នុងក្រុងឈីងតាវ ដូចជាភាពមមារញឹកនៃកំពង់ផែនិងចរាចរណ៍កុងតឺន័រ សកម្មភាពសេដ្ឋកិច្ចនិងឧស្សាហកម្ម ក៏ដូចភាពលេចធ្លោលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផងដែរ។ ស្របតាមមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន និងការសហការកន្លងមករវាងកម្ពុជា និងក្រុងឈីងតាវ ឯកឧត្តមបានបង្ហាញជំហរក្នុងការជួយជំរុញឱ្យមានកិច្ចការងារវិនិយោគ ព្រមទាំងមានកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត សំដៅបង្កើនភាពជិតស្និទ្ធ ក៏ដូចជាដើម្បីពង្រីកឱកាសការងារជូនប្រជាជនកម្ពុជាផងដែរ។

ក្នុងអង្គប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនដល់ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ដែលបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់គណៈប្រតិភូកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបលើការលើកឡើងអំពីភាពជិតស្និទ្ធនៃមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ដែលនាំមកនូវកិច្ចសហប្រតិបត្តិការ និងកិច្ចការងារវិនិយោគជាច្រើន ហើយជាក់ស្ដែងប្រទេសចិនបានក្លាយជាប្រទេសទី១ដែលវិនិយោគច្រើនជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ កម្ពុជាមានគោលបំណងក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចចក្ខុវិស័យនេះទាមទារឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួរនាទីជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគិន ដើម្បីសម្រេចបាននូវភាពរីកចម្រើនរបស់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមផងដែរអំពី គំនិតផ្ដួចផ្ដើមរវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានកំណត់ឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមថែមទៀត។