ជំនួបពិភាក្សាការងារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមហ៊ុន VINCI Airports ដើម្បីពិភាក្សាអំពីកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports ដើម្បីពិភាក្សាអំពីកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងគោរពស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងគម្រោងវិនិយោគអាកាសយានដ្ឋាន។ ក្នុងកិច្ចប្រជុំនេះ លោកប្រធាន បានជ្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផងដែរអំពីគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយបង្កើតចំណតស្ថានីយថ្មី(New Terminal) ដែលតាមផែនការ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ខាងមុខនេះ។
ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ២៥ឆ្នាំនៅកម្ពុជា លើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន ដោយក្នុងនោះអាកាសយានដ្ឋានចំនួន៣ដែលក្រុមហ៊ុនធ្លាប់បាននិងកំពុងមានប្រតិបត្តិការនៅប្រទេសកម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ក្រុមហ៊ុន

នេះ គឺជាបុត្រសម្ព័ន្ធនៃ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការវិនិយោគគម្រោងសម្បទាននានា គ្របដណ្ដប់លើសេវាកម្មដូចជា៖ VINCI Airports, VINCI Highways, VINCI Railways, VINCI Construction, VINCI Transport Infrastructure និង VINCI Energy៕