ជំនួបពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Song Xiaoguo ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋាភិបាលប្រជាជនក្រុង Chongqing

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Song Xiaoguo ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋាភិបាលប្រជាជនក្រុង Chongqing និងសហការីពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងអង្គប្រជុំនេះលោក Song Xiaoguo បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដើម្បីអនុញ្ញាតឱ្យរូបលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីការងារវិនិយោគ និងកិច្ចសហប្រតិបត្តិការនានាក្នុងឱកាសនេះ។

ឆ្លើយតបក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅជូនលោក Song Xiaoguo ចំពោះដំណើរទស្សនកិច្ចមកកម្ពុជា ហើយបន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីសវតាខ្លះៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបើគិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ គឺជាខួប៣០ឆ្នាំនៃការរៀបចំបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីទាក់ទាញវិនិយោគិន និងការងារសហការអភិវឌ្ឍន៍ផងដែរ។ ជាមួយគ្នានេះផងដែរ ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ កម្ពុជាទទួលបានការជឿជាក់ពីវិនិយោគិនមកបណ្ដាក់ទុនលើវិស័យជាច្រើន​ ដូចមានលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗមានជាអាទិ៍ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម៕