ជំនួបពិភាក្សាការងារពីលោក Pablo Kang ភារធាវីស្ដីទី នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Pablo Kang ភារធាវីស្ដីទី នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើកិច្ចសហការនានារបស់អូស្រ្តាលី លើគម្រោងអភិវឌ្ឍន៍​ជូនមកកាន់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងអំពីបរិយាកាសវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣ ដែលក្នុងផែនការមេនេះ បានដាក់ចេញនូវគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលវិនិយោគិនអាចពិនិត្យដើម្បីដាក់ទុនវិនិយោគរបស់ខ្លួនបានផងដែរ។