ជំនួបពិភាក្សាការងារនិងពិនិត្យលើវឌ្ឍនភាពនៃគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Sailun Group នៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Sailun Group ដែលជាក្រុមហ៊ុនមានក្រុមហ៊ុនបុត្រសម្ព័ន្ធកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្តក្នុងប្រទេសកម្ពុជា ចូលជួបពិភាក្សាការងារនិងធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពនៃគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានទំហំទឹកប្រាក់ស្ថិតក្នុងរង្វង់១ពាន់លានដុល្លារ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា ក្នុងដំណើរទស្សនកិច្ចទៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ៕