ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនដែលមានបំណងសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងវិស័យសំណង់

(ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបគណៈប្រតិភូវិនិយោគិនកូរ៉េ ដែលមានបំណងស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគក្នុងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងវិស័យផលិតផលគ្រឿងសំណង់គ្រប់ប្រភេទគុណភាពមកពីប្រទេសកូរ៉េ ដែលនឹងចូលរួមអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងការកែលម្អសម្រស់ទីក្រុងនៅកម្ពុជាឲ្យមានភាពទាក់ទាញ និងប្រកួតប្រជែងដល់កិច្ចការធុកិច្ច។

មានមតិក្នុងជំនួបដ៏ថ្លៃថ្លានេះ ឯកឧត្តមបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិស្ថានវិនិយោគសំដៅបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ, មានតម្លាភាពអាចប៉ាន់ប្រមានទុកជាមុនបាន, ការផ្ដល់កញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ និងការការពារនិងធានាវិនិយោគ ជាពិសេសសេវាថែទាំវិនិយោគ។ បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនភាគីមិត្តអំពីអត្ថិភាពនៃតុកូរ៉េ (Korea Desk) ដែលជាយន្តការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗ ដែលបាន និងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន។