ជំនួបពិភាក្សាការងារជាមួយឯកឧត្តម NKUBITO Manzi Bakuramutsa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NKUBITO Manzi Bakuramutsa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរសាទរចំពោះប្រទេសរវ៉ាន់ដា ដែលទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងកិច្ចការទាក់ទាញវិនិយោគិនចូលទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេស។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្ដូរមតិយោបល់លើកិច្ចសហការនានាដែលប្រទេសទាំងពីរអាចពិចារណារៀបចំរួមគ្នា ដើម្បីជំរុញទាក់ទាញវិនិយោគិនមិនត្រឹមតែសម្រាប់កម្ពុជាប៉ុននោះទេ ប៉ុន្តែក៏សម្រាប់សាធារណរដ្ឋរវ៉ាន់ដាផងដែរ៕