ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន ដែលមានបំណងសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគនិងកាលានុវត្តភាពវិនិយោគ ព្រមទាំងព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យយានយន្តនៅកម្ពុជា

(ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.អ.ក. និងឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន ដែលមានបំណងសែ្វងយល់អំពីកាលានុវត្តភាពនិងបរិយាកាសវិនិយោគ ព្រមទាំងសិក្សាលម្អិតអំពីនីតិវិធីនិងបទប្បញ្ញត្តិពាក់ព័ន្ធនានាក្នុងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត នៅកម្ពុជា។

មានមតិក្នុងជំនួបដ៏ប្រពៃនេះ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការវិនិយោគលើវិស័យយានយន្តសំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យនេះ ក៏ដូចជាយន្តការផ្ដល់កិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ឯកឧត្តមក៏បានលើកឡើងអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ដនិងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបករណ៍ សម្រាប់វិនិយោគិនក្នុងការស្វែងយល់អំពីសក្ដានុពលរបស់

វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិកបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមនិងវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូពិនិត្យលទ្ធភាពក្នុងការដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាពីកញ្ចប់លើកទឹកចិត្តស្របតាមច្បាប់ជាធរមាន។

ជាការឆ្លើយតប សមភាគីបានថ្លែងអំណរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសម្រួលវិនិយោគតាមរយៈការរៀបចំ និងសម្របសម្រួលកិច្ចពិភាក្សានាពេលនេះប្រកបដោយភាពស្និទ្ធស្នាល ហើយគណៈប្រតិភូបានសម្តែងនូវភាពវិជ្ជមានក្នុងការបន្តពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពដើម្បីបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅលើទីតាំងវិនិយោគប្រកបដោយសក្ដានុពលនាពេលដ៏ខ្លីខាងមុខ។