កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាង “ប្រកាសស្ដីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់”

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាង “ប្រកាសស្ដីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់”។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើសេចក្ដីព្រាង “ប្រកាសស្ដីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់” ដែលគ្រោងនឹងរៀបចំឡើងដើម្បីណែនាំនូវការអនុវត្តការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ “គ.ព. គ.ល.គ.” ដូចមានចែងក្នុងមាត្រា១៦ នៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា៕