សេដ្ឋកិច្ចបើកចំហ
រាល់ការវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវបានធានាដោយស្មើភាពមិនថាវិនិយោគិនបរទេស ឬក្នុងស្រុក។ ការវិនិយោគនៅកម្ពុជាពុំតម្រូវឱ្យមានចំណែកហ៊ុនរបស់វិនិយោគិនក្នុងស្រុកទេ។ រាជរដ្ឋាភិបាលកម្ពុជានឹងមិនកំណត់តម្លៃផលិតផល ឬសេវាកម្មរបស់គម្រោងវិនិយោគឡើយ។ យោងទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន រាល់ការវិនិយោគនៅកម្ពុជាក៏មិនរឹតបន្តឹងលើការបំប្លែងរូបិយប័ណ្ណបរទេស និងការផ្ញើប្រាក់ទៅប្រទេសដើមវិញដែរ។
ការលើកទឹកចិត្តវិនិយោគមានភាពទាក់ទាញ
គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) មានសិទ្ធិទទួលបានការលើកទឹកចិត្តជាច្រើនដូចជា៖
- ការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ 9 ឆ្នាំ ឬរំលោះពិសេស
- ការលើកលែងពន្ធលើការនាំចេញ
- ការលើកលែងពន្ធទាំងស្រុងលើការនាំចូល (សម្ភារៈសំណង់ សម្ភារៈផ្សេងៗ ធាតុចូលផលិតកម្ម)
- ការលើកលែងពន្ធសម្រាប់ធាតុចូលផលិតកម្មក្នុងស្រុក
- ការកាត់ពន្ធ 150% សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការច្នៃប្រឌិត, ការបណ្តុះបណ្តាល, សេវកម្ម និងបរិក្ខារនានាដើម្បីសុខុមាលភាពបុគ្គលិក & សេវាកម្ម, ការដំឡើងសមត្ថភាពគ្រឿងម៉ាស៊ីន
ដំណើរការអនុម័តមានភាពងាយស្រួល
សំណើគម្រោងវិនិយោគត្រូវដាក់ស្នើសុំនិងពិនិត្យតាមរយៈការិយាល័យច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ប្រសិនបើវិស័យរបស់គម្រោងវិនិយោគដែលបានស្នើឡើងមិនស្ថិតនៅក្នុង “បញ្ជីហាមឃាត់ ” នោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងចេញវិញ្ញាបនប័ត្រចុះបញ្ជីគម្រោងវិនិយោគក្នុងរយៈពេល ២០ ថ្ងៃធ្វើការ។