
ការពិនិត្យទៅលើតម្រូវការអាជីវកម្ម ឬជំនួញ
មុនពេលគម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា វាពិតជាសំខាន់សម្រាប់វិនិយោគិនដែលត្រូវដឹងអំពីច្បាប់ និងបទប្បញ្ញតិ្តនានាៗរបស់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ វិនិយោគិនគួរពិចារណា និងពិនិត្យទៅលើការជ្រើសរើសបុគ្គលិក ប្រភពធនធានហិរញ្ញវត្ថុ និងលទ្ធកម្មអចលនទ្រព្យដែលអនុលោមទៅតាមច្បាប់ជាធរមាន។ សម្រាប់ព័ត៌មានលម្អិត និងការណែនាំបន្ថែម សូមពិនិត្យមើល និងស្វែងរកព័ត៌មាននៅលើគេហទំព័រនេះ។

ការចុះបញ្ជីគម្រោងវិនិយោគ
វិនិយោគិនអាចសិក្សា និងរៀបចំឯកសារទៅតាមបញ្ជីឯកសារចាំបាច់ដើម្បីចុះបញ្ជីនៅលើគេហទំព័ររបស់ ក.អ.ក បាន។ បន្ទាប់ពីរៀបចំឯកសាររួចរាល់ហើយ វិនិយោគិនអាចដាក់ពាក្យស្នើសុំតាមរយៈការិយាល័យច្រកចេញចូលតែមួយនៅ ក.អ.ក ។ ការដាក់ពាក្យស្នើចុះបញ្ជីគម្រោងវិនិយោគក៏អាចធ្វើឡើងតាមអនឡាញផងដែរនៅលើគេហទំព័រ https://qip.cdc.gov.kh/login។ នៅពេលដែលគម្រោងវិនិយោគមានឯកសារចាំបាច់គ្រប់គ្រាន់ ក.អ.ក នឹងចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជាស្ថាពរក្នុងរយៈពេល ២០ ថ្ងៃធ្វើការ។

ការលើកទឹកចិត្ត
រាជរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្តជាច្រើនដល់វិនិយោគិនដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមានភាពរឹងមាំ និងប្រកបដោយចីរភាព។ ដើម្បីពិនិត្យមើលថាតើគម្រោងវិនិយោគរបស់អ្នកអាចមានសិទ្ធិទទួលបានការលើកទឹកចិត្តឬទេ សូមចូលទៅកាន់ផ្នែក Incentives and Schemes។ សម្រាប់ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អ្នកអាចស្វែងរកព័ត៌មានទូទៅ និងព័ត៌មានអំពីក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ។

ទិដ្ឋាការ និងអន្តោប្រវេសន៍
យោងតាមមាត្រាទី ២២ នៃច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគក្រុង-ខេត្ត ត្រូវចេញលិខិតបញ្ជាក់ពីលក្ខខណ្ឌពិសេសជូនដល់បុគ្គលដែលពាក់ព័ន្ធក្នុងវិស័យវិនិយោគតាមការស្នើសុំរបស់វិនិយោគិន។ លិខិតនេះអាចប្រើប្រាស់សម្រាប់ការស្នើសុំប័ណ្ណស្នាក់នៅរយៈពេលវែង ប័ណ្ណការងារឬសៀវភៅការងារ និងគោលបំណងចាំបាច់ដទៃទៀតស្របតាមនីតិវិធីជាធរមាន។ នីតិវិធីពិសេសសម្រាប់ការស្នើសុំប័ណ្ណការងារ និងសៀវភៅការងារដែលមានចែងក្នុងមាត្រានេះ ត្រូវកំណត់ក្នុងប្រកាសរួមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ។ នីតិវិធីសម្រាប់ការស្នើសុំប័ណ្ណស្នាក់នៅរយៈពេលវែង ដូចមានចែងក្នុងមាត្រានេះ ត្រូវកំណត់ដោយអនុក្រឹត្យដាច់ដោយឡែកមួយ។

សេវាកម្មអនឡាញផ្សេងទៀត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្តល់នូវមធ្យោបាយសម្រាប់ការសម្របសម្រួលកិច្ចការវិនិយោគតាមរយៈប្រព័ន្ធអនឡាញ។ វិនិយោគិនអាចស្នើសុំការលើកលែងពន្ធនាំចូលសម្រាប់ធាតុចូលផលិតកម្មនៅក្នុងគម្រោងវិនិយោគតាមរយៈ Master List Online ដែលភ្ជាប់ជាមួយប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window)។ វិនិយោគិនក៏អាចស្វែងរកអ្នកផ្គត់ផ្គង់ធាតុចូលផលិតកម្មផងដែរដោយចូលទៅកាន់ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែចង្វាក់ផ្គត់ផ្គង់អភិវឌ្ឍន៍ដោយចីរភាព (SD2)។