សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

សណ្ឋាគារ ហ៊រ បុន្នី ខេត្តក្រចេះ៖ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤,
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តក្រចេះ និងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលហៅកាត់ជាភាសាអង់គ្លេសថា Cambodia Australia Partnership Resilient Economic Development (CAPRED ) ដោយបានសហការឧបត្ថម្ភរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងសមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ គោលបំណងនៃសិក្ខាសាលានេះ ដើម្បីបញ្រ្ជាបការឈ្វេងយល់អំពីច្បាប់និងបទប្បញ្ញត្តិនិងនីតិវិធីនៃការអនុវត្តដែលមានអនុលោមភាពគតិយុត្តនិងឧត្តមានុវត្តន៍ជូនមន្ត្រីនិងតួអង្គពាក់ព័ន្ធនៃអនុគណៈកម្មាធិការវិនិយោគខេត្តទាំងពីរ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ, ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង, ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្ដីមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , រដ្ឋបាលខេត្តទាំងពីរ, សមាជិកអនុគណៈកម្មាធិការវិនិយោគខេត្ត, តំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និងវិស័យឯកជនសរុបចំនួន ១១៦រូប។

ជាកិច្ចស្វាគមន៍ ឯកឧត្តម ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានជម្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលនានា និងវិស័យសក្តានុពលរបស់ខេត្ត វិស័យវិនិយោគជាអាទិភាពដែលខេត្តចង់បាន និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែម។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរង បានថ្លែងពីគោលបំណងចម្បងនៃសិក្ខាសាលានាថ្ងៃនេះ ដែលសំដៅបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគប្រកបដោយតម្លាភាព ជាពិសេសនីតិវិធីនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនេះជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ឯកឧត្តមអគ្គលេខាធិការរង បានបន្តទៀតថាតាមរយៈច្បាប់ និងអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានទទួលប្រតិភូកម្មសិទ្ធិអំណាចក្នុងការពិនិត្យ និងសម្រេចលើការចុះបញ្ជី, ការផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប, និង ការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូល នឹង ៥លានដុល្លារអាម៉េរិកចុះ ដែលនេះជាការពង្រីកដែនសមត្ថកិច្ចដល់អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ លើសពីនេះ ឯកឧត្តមអគ្គលេខាធិការរងមានសង្ឃឹមយ៉ាងមុតមាំថា តាមរយ:សិក្ខាសាលានាថ្ងៃនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង ដើម្បីអនុវត្តនូវសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។

នៅក្នុងសុន្ទរកថាបិទ ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនាថ្ងៃនេះ ឱ្យខេត្តទាំងពីរមានការទាក់ទាញវិនិយោគ និងចូលរួមប្រឹងប្រែងទាំងអស់គ្នាដើម្បីការអភិវឌ្ឍន៍ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ជាកិច្ចបញ្ចប់ សិក្ខាកាមចូលរួមបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។