សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកោះកុង

ខេត្តកោះកុង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជារៀបចំ និងអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីអនុគណៈកម្មាធិការវិនិយោគខេត្តកោះកុង ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងបទប្បញ្ញត្តិពាក់ព័ន្ធ ចែករំលែកបទពិសោធន៍អនុវត្តន៍ជាក់ស្តែង និងបំពាក់បំប៉នសមត្ថភាពរបស់មន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកោះកុង។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលខេត្ត,សមាជិកអនុគណៈកម្មាធិការវិនិយោគខេត្ត, តំណាងសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្ត, តំណាងសភាពាណិជ្ជកម្មខេត្ត, ពាណិជ្ជករ និងតំណាងមន្ទីរនិងមន្ត្រីជំនាញដែលមានភារកិច្ចពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្ត សរុបចំនួន ១០០រូប។
ជាកិច្ចស្វាគមន៍ លោកបណ្ឌិត អ៊ុក ភ័ត្រ្តា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីសោមន្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានជម្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល និងសមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ដែលត្រូវបានប្រសិទ្ធនាមថាជា “តារារះ នាទិសនិរតី”។
នៅក្នុងសុន្ទរកថាបើក ឯកឧត្តមអគ្គលេខាធិការរង បានសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការសំខាន់ៗ និងការវិវត្ត យ៉ាងឆាប់រហ័សនៃព្រឹត្តិការណ៍នានាក្នុងតំបន់ និងសកល ព្រមទាំងច្បាមយកនូវកាលានុវត្តភាពដែលលេចចេញពីវិបត្តិតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ, ច្បាប់, ក្របខ័ណ្ឌគោលនយោបាយ និងផែនទីបង្ហាញផ្លូវដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងមានភាពធន់។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងអំពីបរិការណ៍ ដំណើរការ និងភាពចាំបាច់នៃការរៀបចំនូវច្បាប់ស្តីពីវិនិយោគ, អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដែលសំដៅបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែងពេញលេញដោយសមភាពនិងគ្មានការរើសអើង ដើម្បីទាក់ទាញនិងលើកកម្ពស់ការវិនិយោគក្នុងស្រុកនិងបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាពនិងប្រសិទ្ធផល តាមរយៈការធ្វើវិមជ្ឈការនិងវិសហមជ្ឈការជូនអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល ការពង្រឹងយន្តការថែទាំវិនិយោគ និងការផ្ដល់ជូននូវកញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ។
ជាកិច្ចបន្ត វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើបទបង្ហាញលើប្រធានបទចំនួន ០៤ ជូនដល់សិក្ខាកាម រួមមាន (១)ច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងនីតិវិធីពិនិត្យសំណើពាក់ព័ន្ធនឹងកិច្ចការច្បាប់នៃគម្រោងវិនិយោគ, (២)ការជំរុញទាក់ទាញ និងការផ្តល់កិច្ចសម្រួលវិនិយោគ, (៣)នីតិវិធីពិនិត្យសំណើសុំពាក់ព័ន្ធនឹងការចុះបញ្ជី, ការលើកទឹកចិត្តគម្រោងវិនិយោគ និងការអនុវត្តគម្រោងវិនិយោគ និង(៤)ការត្រួតពិនិត្យ ការវាយតម្លៃការអនុវត្តគម្រោង និងសេវាថែទាំវិនិយោគ។
ជាកិច្ចបញ្ចប់ សិក្ខាកាមចូលរួម បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងនូវការពេញយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕