វេទិកាកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងវិនិយោគចិន-អាស៊ានឆ្នាំ ២០២៣
វេទិកាកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងវិនិយោគចិន-អាស៊ានឆ្នាំ ២០២៣
—–
(ទីក្រុងណាននីង)៖ តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងវិនិយោគចិន-អាស៊ានឆ្នាំ ២០២៣ ដែលជាព្រឹត្តិការណ៍អមនៃពិព័រណ៍ចិន-អាស៊ានលើកទី ២០ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបានថ្លែងនូវការអបអរសាទរជូនចំពោះមិត្តចិនក្នុងឱកាសខួប ៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន និងខួប ២០ឆ្នាំនៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ បន្ថែមពីនេះ ក្នុងគោលដៅធានាបាននូវកំណើននិងការអភិវឌ្ឍប្រកបដោយភាពធន់ ឯកឧត្តមក៏បានគូសរំលេចអំពីការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកលតាមរយៈ (១) ការអភិវឌ្ឍមូលធនមនុស្ស (២) ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព (៣) ការជំរុញនូវស្ថិរភាពនៃរំហូរធនធានមូលធន (៤) កិច្ចសម្រួលវិនិយោគនិងពាណិជ្ជកម្ម (៥) ការគាំទ្រនូវសកម្មភាពសេដ្ឋកិច្ចដែលមានផលិតភាពខ្ពស់ (៦) ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ (៧) ការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍ (៨) ការគាំទ្រផ្នែកបច្ចេកទេសសំដៅបំពេញបន្ថែមសេចក្តីត្រូវការរបស់ទីផ្សារ និង (៩) ការព្យាយាមបញ្ចៀសឱ្យខានតែបាននូវការប្រើប្រាស់ពាណិជ្ជកម្មជាអាវុធសម្រាប់ប្រឆាំងនឹងសន្តិសុខសេដ្ឋកិច្ចសកល។
គួរបញ្ជាក់ជូនផងដែរថា វេទិកាខាងលើមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Cong Liang អនុប្រធាន NDRC, តំណាងប្រទេសសមាជិកអាស៊ាន និងអ្នកចូលរួមប្រមាណ ៤០០នាក់។
