ជំនួបពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក(Nuremberg) ដើម្បីពិនិត្យលទ្ធភាពរៀបចំយន្តការចាំបាច់នានា ជំរុញការវិនិយោគរវាងកម្ពុជា-អាល្លឺម៉ង់

អាល្លឺម៉ង់៖ កាលពីល្ងាចថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាច ជាមួយលោក Markus Lotzsch ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក(Nuremberg)។
ក្រោយពីដំណើរទស្សនកិច្ចថ្ងៃដំបូងក្នុងប្រទេសអាល្លឺម៉ង់ លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក(Nuremberg) បានទទួលគណៈប្រតិភូកម្ពុជា ក្នុងជំនួបទទួលទានអាហារពេលល្ងាច ដោយក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរ​យោបល់​លើការរៀបចំយន្តការចាំបាច់នានារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក ដើម្បីធ្វើយ៉ាងណាសម្រួលដល់កិច្ចការងារវិនិយោគរបស់បណ្ដាវិនិយោគិននៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តប្រើប្រាស់សម្លេងតែមួយដើម្បីជម្រាបជូនដល់គ្រប់តួអង្គពាក់ព័ន្ធ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក ឱ្យបានជ្រួតជ្រាបអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា លក្ខខណ្ឌអំណោយផលនៃច្បាប់វិនិយោគ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយទាំងផ្លូវទឹក ផ្លូវដែក ផ្លូវគោក និងផ្លូវអាកាស ដើម្បី

សម្រួលដល់ការដឹកជញ្ជូន ពិសេសបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលអនុញ្ញាតបើកឱ្យមានការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីជំរុញសេដ្ឋកិច្ចជាតិផងដែរ។
បន្ទាប់ពីទទួលស្ដាប់អំពីការជម្រាបជូនរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក បានថ្លែងការកោតសរសើរជូនចំពោះគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំឱ្យមានគម្រោងព្រែកជីកហ្វូណនតេជោកើតឡើង។ ក្នុងលក្ខខណ្ឌស្រដៀងគ្នាគឺដើម្បីសេដ្ឋកិច្ចជាតិ លោកបានសង្កេតឃើញថាដោយសារមានព្រែកជីក Rhine–Main–Danube ទើបអនុញ្ញាតឱ្យទីក្រុងនួនប៊ឺក បានផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចក្នុងទីក្រុងល្អជាងមុន ពន្លឿនការដឹកជញ្ជូន បន្ថែមចំណូលជូនប្រជាពលរដ្ឋ ពិសេសបង្កើនភាពប្រកួតប្រជែងលើតម្លៃភស្ដុភារកម្មផងដែរ៕