ជំនួបដ៏រាក់ទាក់និងកក់ក្តៅជាមួយឯកឧត្តម ជា វុទ្ធី និង សមាគមពាណិជ្ជកម្មកម្ពុជា-ណឹងប៉

រាជធានីភ្នំពេញ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ម៉ោង ២:០០រសៀល៖ ក្នុងជំនួបដ៏រាក់ទាក់និងកក់ក្តៅជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) សមាគមពាណិជ្ជកម្មកម្ពុជា-ណឹងប៉ បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យ (១) ឧស្សាហកម្ម (២) កម្មន្តសាល ជាពិសេស ការផលិតក្រណាត់ និងអំបោះ (៣) បច្ចេកវិទ្យា (៤) ពាណិជ្ជកម្ម និង (៥) អចលនទ្រព្យ។ លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ដែលដឹកនាំគណៈប្រតិភូវិនិយោគ ១៥ក្រុមហ៊ុន មកបំពេញទស្សនៈកិច្ចនៅកម្ពុជា បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះលទ្ធផលបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រជាធិបតេយ្យ ហើយដែលលទ្ធផលនៃការបោះឆ្នោតនេះ បានជំរុញទឹកចិត្តក្រុមវិនិយោគិនចិននៅក្រុងណឹងប៉ ឱ្យមកសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) បានជម្រាបជូន លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ប្រទេសចិន ថានេះជាគណៈប្រតិភូវិនិយោគិនចិនទីមួយដែល ក.អ.ក. ទទួលជួបបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ បានបញ្ចប់ដោយរលូន, សន្តិភាព, មានយុត្តិធម៌ និងតម្លាភាព។ ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តថាគណៈប្រតិភូ នឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគលើវិស័យគន្លឹះនានាដែលកម្ពុជាមានសក្តានុពលតាម រយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីចាប់យកទីផ្សារដែលពោរពេញដោយថាមវន្ត និងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ហើយបានជម្រាបជូនថា ក្រុមហ៊ុនប្រមាណជាង ៤០ទៀត នឹងមកស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជាក្នុងពាក់កណ្តាលខែសីហានេះ។