កម្មវិធីបណ្តាញធុរកិច្ច

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបណ្តាញធុរកិច្ចដែលរៀបចំឡើងដោយសហព័ន្ធធុរកិច្ចសិង្ហបុរី
—–
កាលពីល្ងាចថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០នាទី នៅសណ្ឋាគារ Himawari ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបណ្តាញធុរកិច្ចដែលរៀបចំឡើងដោយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF)។
ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបាន មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាបច្ចុប្បន្នភាពនៃច្បាប់, បទប្បញ្ញត្តិ និងគោលនយោបាយស្តីពីវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តមក៏បាន ជម្រាបជូនវិនិយោគិននិងធុរជនអំពីលទ្ធភាពក្នុងការច្បាមយកនូវអត្ថប្រយោជន៍ពីកាលានុវត្តភាពវិនិយោគលើវិស័យដែលមានសក្តានុពលនិងតម្រូវការទីផ្សារខ្ពស់
ដែលវិស័យទាំងនេះរួមមាន (១) កសិកម្ម (២) កសិ-ឧស្សាហកម្ម (៣) ទេសចរណ៍ (៤) កម្មន្តសាល (៥) យានយន្តនិងអេឡិចត្រូនិកជាដើម។
ឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថាវិនិយោគិននិងធុរជនដែលមានវត្តមាន ក្នុងកម្មវិធីនាល្ងាចនេះនឹអាចស្វែងរកដៃគូធុរកិច្ខ ព្រមទាំងដាក់ទុនវិនិយោគលើវិស័យគន្លឹះនានា នៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ជូនផងដែរថា សមាសភាពចូលរួមក្នុងកម្មវិធីខាងលើរួមមានលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា, តំណាង SBF និងវិស័យឯកជន សរុបប្រមាណ ៥០នាក់៕