យោងទៅមាត្រាទី ២៤ នៃជំពូកទី៦ ក្នុងច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា វិស័យវិនិយោគចំនួន១៩ អាចនឹងត្រូវទទួលការបានការលើកទឹកចិត្តដូចខាងក្រោម៖
- ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍
- ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ផ្តល់តម្លៃបន្ថែមខ្ពស់ មាននវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់
- ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក
- ឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក និងឧស្សាហកម្មតភ្ជាប់បណ្តាញផ្គត់ផ្គង់
- ឧស្សាហកម្មគ្រឿងអគ្គិសនីនិងអេឡិចត្រូនិក
- ឧស្សាហកម្មគ្រឿងបន្លាស់ បង្គុំ និងតម្លើង
- ឧស្សាហកម្មមេកានិកនិងគ្រឿងម៉ាស៊ីន
- កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ
- សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព និងការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និងមធ្យម សួនឧស្សាហកម្ម និងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- ឧស្សាហកម្មទេសចរណ៍និងសកម្មភាពពាក់ព័ន្ធនឹងទេសចរណ៍
- ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
- ឧស្សាហកម្មឌីជីថល
- ការវិនិយោគក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជំរុញផលិតភាព
- ការវិនិយោគក្នុងវិស័យសុខាភិបាល
- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
- ការវិនិយោគក្នុងវិស័យឡូជីស្ទីក
- ការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា
- ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្សាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
- វិស័យនិងសកម្មភាពវិនិយោគផ្សេងទៀតដែលមិនមានចែងក្នុងច្បាប់នេះ ក្នុងករណីដែលរាជរដ្ឋាភិបាលយល់ឃើញថាមានសក្តានុពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
និងវិស័យ និងសកម្មភាពវិនិយោគផ្សេងទៀត ដែលមិនមាននៅក្នុងច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាប៉ុន្តែដោយរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាមានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ការលើកទឹកចិត្តជាមូលដ្ឋាន
សកម្មភាពវិនិយោគដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) មានសិទ្ធិជ្រើសរើសកញ្ចប់លើកទឹកចិត្តជាមូលដ្ឋានជា ០២ ជម្រើសដូចខាងក្រោម៖
ជម្រើសទី១៖ ការលើកលែងពន្ធលើប្រាក់ចំណូល៖ ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេលពី ៣ ទៅ ៩ ឆ្នាំ ទៅតាមវិស័យនិងសកម្មភាពវិនិយោគ គិតចាប់ពីពេលទទួលបានប្រាក់ចំណូលលើកដំបូង។ វិស័យ និងសកម្មភាពវិនិយោគ ព្រមទាំងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល នឹងត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬអនុក្រឹត្យ។
បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល គ.ល.គ. មានសិទ្ធិទទួលបានការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើនតាមពេលធៀបទៅនឹងប្រាក់ពន្ធត្រូវបង់សរុបដូចតទៅ៖ ២៥% សម្រាប់ ២ ឆ្នាំដំបូង, ៥០% សម្រាប់ ២ ឆ្នាំបន្ទាប់, និង ៧៥% សម្រាប់ ២ ឆ្នាំចុងក្រោយ។
លើសពីនេះទៀតជម្រើសនេះរួមបញ្ចូល៖
- ការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងអំឡុងពេលលើកលែងពន្ធលើប្រាក់ចំណូល
- ការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ
- ការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
ជម្រើសទី២៖ ការរំលស់ពិសេស៖
- សិទ្ធិកាត់កងចំណាយមូលធនតាមរយៈការរំលស់ពិសេសដែលមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន
- សិទ្ធិកាត់កងរហូតដល់ ២០០% លើចំណាយជាក់លាក់ផ្សេងទៀតសម្រាប់រយៈពេលរហូតដល់ ៩ ឆ្នាំ។ វិស័យ និងសកម្មភាពវិនិយោគ និងចំណាយជាក់លាក់ ព្រមទាំងរយៈពេលកាត់កងចំណាយ ត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង និង/ឬអនុក្រឹត្យ
- ការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងរយៈពេលជាក់លាក់ណាមួយទៅតាមវិស័យ និងសកម្មភាពវិនិយោគដែលត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬអនុក្រឹត្យ
- ការលើកលែងពន្ធអប្បបរមាដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ
- ការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។
បន្ថែមពីលើការលើកទឹកចិត្តក្នុងជម្រើសទី១ ឬជម្រើសទី២៖
ក. គ.ល.គ. ដែលបម្រើឱ្យការនាំចេញ និង គ.ល.គ. ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ.ល.គ បម្រើឱ្យការនាំចេញ មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម
ខ. គ.ល.គ. បម្រើទីផ្សារក្នុងស្រុកមានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមសម្រាប់ការនាំចូលសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម ។ ការលើកទឹកចិត្តចំពោះធាតុចូលផលិតកម្មត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬអនុក្រឹត្យ។
ការលើកទឹកចិត្តបន្ថែម
ក្រៅពីការលើកទឹកចិត្តជាមូលដ្ឋាន សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា គ.ល.គ. ទទួលបានការលើកទឹកចិត្តបន្ថែម ដូចខាងក្រោម៖
- ការលើកលែងអាករលើតម្លៃបន្ថែមចំពោះការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុកសម្រាប់បម្រើដល់ការអនុវត្ត គ.ល.គ.
- ការកាត់កងចំណាយក្នុងអត្រា ១៥០% ពីមូលដ្ឋានគិតពន្ធចំពោះសកម្មភាពណាមួយដូចខាងក្រោម៖
ក. ការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍
ខ. ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញដល់កម្មករនិយោជិតខ្មែរ
គ. ការសាងសង់កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឬអាហារដ្ឋានតម្លៃសមរម្យ ទារកដ្ឋាន និងសុខូបត្ថម្ភវត្ថុដទៃទៀតសម្រាប់ កម្មករ/និយោជិត
ឃ. ការធ្វើទំនើបកម្មលើគ្រឿងម៉ាស៊ីនដើម្បីបម្រើខ្សែច្រវាក់ផលិតកម្ម និង
ង. ការផ្តល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករនិយោជិតខ្មែរ ដូចជាការផ្តល់មធ្យោបាយដឹកជញ្ជូនប្រកបដោយផាសុកភាពដល់កម្មករនិយោជិតក្នុងការធ្វើដំណើរទៅមកពីកន្លែងស្នាក់នៅទៅរោងចក្រ កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ទារកដ្ឋាន និងសុខូបត្ថម្ភវត្ថុដទៃទៀត
- ការលើកលែងពន្ធលើប្រាក់ចំណូលចំពោះការពង្រីក គ.ល.គ. ដែលត្រូវកំណត់ដោយអនុក្រឹត្យ។
ការលើកទឹកចិត្តពិសេស
វិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អាចទទួលការលើកទឹកចិត្តពិសេសដោយឡែកផ្សេងទៀតដែលត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។