សិក្ខាសាលាស្តីពីការរៀបចំទម្រង់គំរូរបាយការណ៍ និងការកំណត់សូចនាករគោលកម្រិតបច្ចេកទេស សម្រាប់វិធានការគោលនយោបាយនីមួយៗនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP)

នាថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការរៀបចំទម្រង់គំរូរបាយការណ៍ និងការកំណត់សូចនាករគោលកម្រិតបច្ចេកទេស សម្រាប់វិធានការគោលនយោបាយនីមួយៗនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP)។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដោយមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាមន្ត្រីបង្គោល និងមន្ត្រីបច្ចេកទេសតំណាងក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ព្រមទាំងសមាជិកលេខាធិការដ្ឋានទាំងអស់សរុបចំនួន ១៣០ រូប។
គោលដៅចម្បងនៃសិក្ខាសាលាកម្រិតបច្ចេកទេសនាពេលនេះ គឺដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មន្ត្រីបង្គោលនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយ IDP ឲ្យបានយល់កាន់តែលម្អិតអំពីអត្ថន័យ និងធាតុផ្សំសំខាន់ៗនៃការរៀបចំទម្រង់គំរូរបាយការណ៍ (Report Template Format) ដែលជាឧបករណ៍មួយយ៉ាងសំខាន់នៃប្រព័ន្ធតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយ IDP និងការកំណត់សូចនាករគោល (Milestones Indicators) ដែលជាសូចនាករកម្រិតបច្ចេកទេសសម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការគោលនយោបាយនីមួយៗនៃគោលនយោបាយ IDP។ សារៈសំខាន់នៃការរៀបចំទម្រង់គំរូរបាយការណ៍ គឺដើម្បី (១)ធ្វើការប្រមូលទិន្នន័យនិងព័ត៌មានដែលមានភាពច្បាស់លាស់ សាមញ្ញ និងមានលក្ខណៈជាប្រព័ន្ធ, (២)មានភាពងាយស្រួលក្នុងការពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពនៃការអនុវត្តវិធានការគោលនយោបាយ/ផែនការសកម្មភាពដែលបានដាក់ចេញ, និង(៣)ស្វែងយល់កាន់តែច្បាស់ពីបញ្ហាប្រឈម និងសំណើដំណោះស្រាយនិងទិសដៅការងារបន្តពីក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយ IDP។

ជាលទ្ធផល សិក្ខាសាលាសម្រេចបានលទ្ធផលល្អប្រសើរតាមរបៀបវារៈដែលបានកំណត់ ហើយសិក្ខាកាមទាំងអស់បាន​ទទួលចំណេះដឹងពាក់ព័ន្ធនឹងការរៀបចំទម្រង់គំរូរបាយការណ៍ និងការកំណត់សូចនាករគោលសម្រាប់​វិធានការគោលនយោបាយ​នីមួយៗនៃគោលនយោបាយ IDP។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តផ្តល់កិច្ចសហការដល់មន្រ្តីបង្គោល និងមន្ត្រីបច្ចេកទេស តំណាងក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ក្នុងកិច្ចការនេះជាបន្តបន្ទាប់ ។