កិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យចុងក្រោយ​ និងសម្រេច​លើសេចក្តីព្រាងក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) និងសេចក្តីព្រាងសូចនាករគន្លឹះសម្រាប់ការតាមដាន​និងវាយតម្លៃការអនុវត្ត IDP

នាព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យចុងក្រោយ​ និងសម្រេច​លើសេចក្តីព្រាងក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) និងសេចក្តីព្រាងសូចនាករគន្លឹះសម្រាប់ការតាមដាន​និងវាយតម្លៃការអនុវត្ត IDP។​ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក, ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិ​ការ​នីតិសម្បទា ​និងអភិវឌ្ឍន៍កម្ពុជា, ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដែលត្រូវបានចាត់តាំងជាមន្ត្រីបង្គោល និងមន្ត្រីបច្ចេកទេស សរុបចំនួន ១១៩ រូប។
ផ្អែកតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ចំពោះការកំណត់សូចនាករគន្លឹះសម្រាប់ការតាមដាន​និងវាយតម្លៃការអនុវត្ត IDP​ អង្គប្រជុំ​បានអនុញ្ញាតឱ្យមានកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសចំនួន ២លើក សម្រាប់ពិនិត្យពិភាក្សាលើសេចក្ដីព្រាង​សូចនាករគន្លឹះកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យ នៅថ្ងៃទី៦ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសតំណាងក្រសួង ស្ថាប័ន​ពាក់ព័ន្ធ។ កិច្ចប្រជុំទាំងពីរលើកនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងមានការចូលរួមពិភាក្សាយ៉ាងផុសផុល ដោយក្នុងនោះ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធបានផ្ដល់ធាតុចូលជាច្រើនលើសេចក្ដីព្រាងសូចនាករដែលបានរៀបចំឡើងដោយ ក.អ.ក ដូចជាការស្នើសុំបន្ថែម, លុបចោល និងកែសម្រួលសូចនាករគន្លឹះមួយចំនួន សំដៅធ្វើយ៉ាងណាឱ្យសូចនាករទាំងនោះមានលក្ខណៈប្រាកដនិយម សមស្រប និង​មាន​ប្រភពទិន្នន័យច្បាស់លាស់។
ជារួម អង្គប្រជុំនាថ្ងៃនេះបានសម្រេចលទ្ធផលដូចខាងក្រោម៖
(១) ឯកភាពលើសេចក្តីព្រាងក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្ត IDP និងសេចក្តីព្រាងសូចនាករគន្លឹះកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យ
(២) ឯកភាពឱ្យ​ ក.អ.ក រៀបចំសិក្ខាសាលាកម្រិតបចេ្ចកទេស​មួយ ដើម្បីផ្សព្វផ្សាយអំពីទម្រង់គំរូរបាយការណ៍ និងការកំណត់សូចនាករគោលកម្រិតបច្ចេកទេស សម្រាប់វិធានការ​គោលនយោបាយ​នីមួយៗរបស់ IDP ដោយមានការចូលរួម​ពីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ នៅក្នុងសប្ដាហ៍ទី២ នៃខែកញ្ញា ឆ្នាំ២០២០ខាងមុខ
(៣) ក.អ.ក នឹងធ្វើការបូកសរុបអនុសាសន៍ណែនាំបន្ថែមលើសេចក្ដីព្រាងឯកសារទាំងពីរ​ដែល​បាន​ទទួលការឯកភាពក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ ដើម្បី​ស្នើដាក់ជូនកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​នាពេលឆាប់ៗខាងមុខ មុននឹងបន្តដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចដាក់ឱ្យប្រើប្រាស់ជាចុងក្រោយ។